ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី “បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក"
០៧ ធ្នូ ២០១៧

លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី “បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៖ ទិសដៅអនាគត” ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃទី៧-៨ ខែធ្នូ គ.ស. ២០១៧ នៅខេត្តសៀមរាប។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួន ៦៥នាក់ ដែលមកពីបណ្តាធនាគារកណ្តាល អាជ្ញាធរត្រួតពិនិត្យ ក្រសួងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា មកពី ១៧ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមានគោលបំណងចែករំលែកចំណេះដឹងអំពីស្ថានភាពនៃបរិយាប័ន្នហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឥទ្ធិពលនៃបរិយាប័ន្នហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងវិសមភាពចំណូល ទំនាក់ទំនងរវាងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងបរិយាប័ន្នហិរញ្ញវត្ថុ ឥទ្ធិពលនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងទិសដៅនៃការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនាពេលអនាគត ។ បរិយាប័ន្នហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាទិសដៅមួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គ.ស.២០៣០ ។ ក្នុងន័យនេះ សិក្ខាសាលាស្តីពីបរិយាប័ន្នហិរញ្ញវត្ថុនេះ នឹងបង្ហាញអំពីទស្សនវិស័យនៃបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងចែករំលែកបទពិសោធន៍ចំពោះការអនុវត្តគោលនយោបាយក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព។