១១ ធ្នូ ២០១៧
នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស. ២០១៧ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការ សេវាកម្មអ្នកដំណើរការតតិយភាគីសម្រាប់ ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ឯ.ក ឬ តារាផេ នៅសាលបុរីកោះពេជ្រ ។ ក្រុមហ៊ុនកាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ឯ.ក ទទួលបានអាជ្ញាប័ណ្ណអ្នកដំណើរការតតិយភាគីពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាប្រតិបត្តិការទូទាត់សងប្រាក់ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធដែលមានចែងជាធរមាន ដោយមានធនាគារកាណាឌីយ៉ា ក.អ ជាដៃគូ ។ ការបើកដំណើរការសេវាកម្មរបស់ក្រុមហ៊ុនកាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ឯ.ក ឬ តារាផេនេះ នឹងផ្តល់ជាជម្រើសថ្មីមួយទៀតសម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើប និងសម្បូរបែប ព្រមទាំងធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃសេវាកម្ម ជាមួយនឹងតម្លៃប្រកួតប្រជែង ។