១២ ធ្នូ ២០១៧
នាថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ គ.ស ២០១៧ ធនាគារជាតិនៃកម្ពុជាបានរៀបចំការប្រលងលើកទី១៦ វគ្គជំនាញត្រួតពិនិត្យធនាគារ (NBC-FSI Connect) តាមប្រព័ន្ធ Online ដោយមានការត្រួតពិនិត្យដោយផ្ទាល់ពី ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានសិក្ខាកាមចូលរួមប្រលងវគ្គចំនួន២៥រូប ក្នុងនោះ១៣រូបប្រលងបញ្ចប់កម្រិតបឋម។ ដើម្បីធានាគុណភាព និងជំនឿទុកចិត្តលើលទ្ធផលនៃការសិក្សា សិក្ខាកាមដែលបានសិក្សាតាមមុខវិជ្ជា ហើយបានប្រឡងជាប់តាមប្រព័ន្ធអនឡាន នឹងត្រូវប្រឡងនៅចំពោះមុខគណៈកម្មាការគ្រប់គ្រងវគ្គដែលមានការត្រួតពិនិត្យដោយផ្ទាល់ពីឯកឧត្តមទេសាភិបាលធនាគារជាតិនៃកម្ពុជា។ គួរបញ្ជាក់ថាវគ្គ FSI Connect គឺជាវគ្គបណ្ដុះបណ្ដាល ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុ (FSI) ក្នុងគោលបំណងពង្រឹងសមត្ថភាពត្រួតពិនិត្យដល់មន្ត្រីធនាគារជាតិ ដើម្បីធានាឱ្យបានប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យប្រព័ន្ធធនាគារឱ្យមានសុខភាពល្អរឹងមាំ។