១៣ មករា ២០១៨
នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករាឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្តាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Somphao PHAYSITH ទេសាភិបាល ធនាគារកណ្តាលឡាវ។
កិច្ចប្រជុំទ្វេភាគីត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមការផ្លាស់វេន ដែលមានបំណងរឹតចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមិត្តភាព ក៏ដូចផ្លាស់ប្តូរបទពិសោធន៍រវាងធនាគារកណ្តាលទាំងពីរ។ នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ធនាគារកណ្តាលទាំងពីរបានពិភាក្សាលើ ៖ i/- វឌ្ឍនភាពនៃសូចនាករម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយរូបិយវត្ថុ ii/- ការអភិវឌ្ឍន៍វិស័យធនាគារនិងបញ្ហាប្រឈម និង iii/- កិច្ចសហប្រតិបត្តិការបច្ចេកទេស។ កិច្ចពិភាក្សានិងជំនួបទ្វេភាគីនេះ បានកំណត់នូវទិសដៅចម្បងៗពីកិច្ចសហប្រតិបត្តិការទៅលើការអនុវត្តការងារផ្សេងៗ ដែលមានសារៈសំខាន់សម្រាប់ធនាគារកណ្តាលទាំងពីរ។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ហើយភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អនេះឱ្យកាន់តែរឹងមាំថែមទៀត។