២៥ កុម្ភៈ ២០១៨
នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១៨ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំរវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ សមាសភាពថ្នាក់ដឹកនាំធនាគារកណ្តាលថៃ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ និងថ្នាក់ដឹកនាំធនាគារកណ្តាលថៃជាច្រើនរូបទៀត។
កិច្ចប្រជុំទ្វេភាគីនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមិត្រភាពនិងភាតរភាពរវាងធនាគារកណ្តាលទាំងពីរ។ កន្លងមក កិច្ចសហប្រតិបត្តិការទ្វេភាគីល្អប្រសើរនេះបានរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យធនាគារ ហើយក៏បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកំណើនវិនិយោគ ពាណិជ្ជកម្មនិងទេសសចរណ៍ រវាងកម្ពុជានិងថៃផងដែរ ពិសេសតាមរយៈការផ្តល់ប្រភពទុន ការសម្រួលប្រតិបត្តិការទូរទាត់ និងការផ្តល់សេវាហិរញ្ញវត្ថុនានា។ បច្ចុប្បន្ន ធនាគារពាណិជ្ជថៃចំនួន ៤ កំពុងមានប្រតិបត្តិការនៅកម្ពុជា។ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស ដោយការនាំចេញរបស់កម្ពុជាទៅថៃបានជាប់ចំណាត់ថ្នាក់ទី៨ នៅឆ្នាំ២០១៧ នេះ ពីចំណាត់ថ្នាក់ទី១២ កាលពីឆ្នាំ២០០៥ ហើយការនាំចូលថៃមកកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី១ ពីចំណាត់ថ្នាក់ទី៤ ក្នុងរយៈពេលដូចគ្នា។ គិតត្រឹមនៅឆ្នាំ២០១៧ នេះ ការវិនិយោគថៃមកកម្ពុជាមានចំណាត់ថ្នាក់ទី៨ ហើយភ្ញៀវទេសចរថៃចូលមកទស្សនាកម្ពុជាមានចំណាត់ថ្នាក់ទី៤ ក្នុងចំណោមទេសចរបរទេសសរុប។
ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពថ្មីៗនៃស្ថានភាពសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បញ្ហាប្រឈមនានា និងស្វែងរកលទ្ធភាពក្នុងការបង្កើនសហប្រតិបត្តិនាពេលខាងមុខ ក្នុងស្ថានភាពដែលប្រទេសទាំងពីរមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាន់តែជិតស្និតឡើងជាលំដាប់។ អង្គប្រជុំក៏បានអបអរសាទរចំពោះលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលសម្រេចបាននាពេលកន្លងមក និងបានកំណត់ទិសដៅចម្បងៗ សម្រាប់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ការពង្រឹងការត្រួតពិនិត្យធនាគារនិងប្រព័ន្ធទូទាត់ ការអភិវឌ្ឍទីផ្សារប្តូរប្រាក់និងអន្តរធនាគារ ការលើកកម្ពស់រូបិយវត្ថុក្នុងស្រុកសម្រាប់ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។