ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​របស់​សមាគម​ BIIA​
១៦ មីនា ២០១៨

លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងសុន្ទរកថាអំពី សារៈសំខាន់នៃរបាយការណ៍ឥណទាននៅក្នុងកិច្ចប្រជុំថ្នាក់តំបន់របស់សមាគម BIIA នៅថ្ងៃពុធ-ព្រហស្បតិ៍១៣-១៤រោចខែផល្គុនឆ្នាំរកានព្វស័កព.ស.២៥៦១ត្រូវនឹងថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៨ នៅ រាជធានីភ្នំពេញ។ សមាគមឧស្សាហកម្មព័ត៌មានធុរកិច្ច(BIIA) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ នៅទីក្រុងហុងកុងដោយសមាជិកឧស្សហកម្មប្រចាំតំបន់ ជាសមាគមធុរកិច្ចសម្រាប់អ្នកផ្តល់សេវាកម្ម ទូលំទូលាយទាំងសេវាកម្មព័ត៌មានធុរកិច្ចនិងអ្នកប្រើប្រាស់ដែលជួយសម្រួលដល់អាជីវកម្ម ក្នុងការគ្រប់គ្រងកំណើននិងកាត់បន្ថយហានិភ័យ។
សមាគម BIIA ផ្តល់វេទិកាអព្យាក្រឹតនិងបើកចំហដែលអ្នកផ្តល់និងអ្នកប្រើប្រាស់ព័ត៌មានក្រុមហ៊ុន និងបុគ្គល បញ្ញត្តិករ រដ្ឋាភិបាល និង វិស័យព័ត៌មានសាធារណៈ អាចពិភាក្សានិងដោះស្រាយបញ្ហារួម។ ទន្ទឹមនេះ សមាគម BIIA ជួយលើកកម្ពស់ឧស្សាហកម្មមាតិកាព័ត៌មាន ដោយបង្ហាញពីតម្លៃនៃព័ត៌មាន សម្រាប់អាជីវកម្មនិងសេដ្ឋកិច្ចជាតិ ដើរតួនាទីជាធនធានសម្រាប់ស្តង់ដាឧស្សាហកម្ម និន្នាការ ការអភិវឌ្ឍ បច្ចេកវិទ្យា និងគោលនយោបាយ ព្រមទាំងគាំទ្រដល់បរិស្ថានច្បាប់ដែលផ្តល់អត្ថប្រយោជន៍ដល់ ឧស្សាហកម្ម និងផ្តល់វេទិកាដ៏មានតម្លៃសម្រាប់បណ្តាញទំនាក់ទំនង។
ជាមួយគ្នានេះតាមរយៈភាពជោគជ័យនៃម៉ូឌែលនិងសមិទ្ធិផលដ៏អស្ចារ្យរបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី នៅក្នុងតំបន់ កិច្ចសហប្រតិបត្តិការល្អរវាងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌីនិងសមាគម BIIA ព្រមទាំងការគាំទ្រដ៏រឹងមាំពីធនាគារជាតិនៃកម្ពុជាសមាគម BIIA បាន ជ្រើសរើសប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំថ្នាក់តំបន់លើកទី១របស់ខ្លួនដែលផ្តោតការយកចិត្តទុកដាក់លើ៖ (១)ការចែករំលែករបាយការណ៍ព័ត៌មានឥណទានឆ្លងប្រទេស, (២) សុវត្ថិភាពប្រព័ន្ធព័ត៌មាន ឌីជីថល និង (៣) ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការចែករំលែកទិន្នន័យ។