១៦ មេសា ២០១៨
នៅថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ជា សិរី
អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទស្ដីពី បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលរៀបចំឡើងដោយ ការិយាល័យប្រចាំតំបន់សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ភ្នាក់ងារសេវាហិរញ្ញវត្ថុជប៉ុន និងធនាគារកណ្ដាលជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សន្និសីទនេះមានអ្នកចូលរួមប្រមាណ ៤០០នាក់ ដែលមកពីស្ថាប័នផ្សេងៗ រួមមាន និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងអ្នកសារព័ត៌មានផងដែរ។ ក្នុងឱកាសនោះ លោកជំទាវ ជា សិរី ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញ ស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ ទន្ទឹមនេះ នៅកម្ពុជា វឌ្ឍនភាពមួយចំនួនត្រូវបានសម្រេចបានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា ការផ្ទេរប្រាក់របស់ពលករនិងការផ្តល់សេវាទូទាត់តាមទូរស័ព្ទដៃ។ យ៉ាងណាមិញ ការការពារអតិថិជន ការប្រឆាំងការសម្អាតប្រាក់និងភេរវកម្មហិរញ្ញវត្ថុ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាចំណុចដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការបន្តទៀតរវាងនិយ័តករដែលពាក់ព័ន្ធនៅតាមបណ្ដាប្រទេសនានា ស្របពេលដែលការចែករំលែកព័ត៌មានដែលទាក់ទងនឹងឧត្តមានុវត្តន៍រវាងនិយ័តករនៅក្នុងតំបន់ក៏មានភាពចាំបាច់ផងដែរ។