ព័ត៌មាន
លោកជំទាវ ជា សិរី​ ឧបការីទេសាភិបាលនិងជាគ្គនាយយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមវេទិកាស្តីពី ស្ថិរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)
១០ ឧសភា ២០១៨

កាលពីថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បាន អញ្ជើញចូលរួមវេទិកាស្តីពី ស្ថិរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលរៀបចំឡើង ដោយសម្ព័ន្ធសម្រាប់ស្ថិរភាពហិរញ្ញវត្ថុនិងព័ត៌មានវិទ្យា នៅទីក្រុងហុងកុង ប្រទេសចិន។ វេទិកានេះមានអ្នកចូលរួមប្រមាណ ១០០នាក់ ដែលមកពីស្ថាប័នផ្សេងៗ រួមមាន អ្នកជំនាញ FinTech អ្នករៀបចំគោលនយោបាយ និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានពីតំបន់អាស៊ីនិងជុំវិញពិភពលោក។ ក្នុងឱកាសនោះ លោកជំទាវ ជា សិរី ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស ដើម្បីធ្វើបទបង្ហាញស្តីពី “កាច្នៃប្រឌិត និងស្ថិរភាពក្នុងតំបន់អាស៊ី ៖ ការដោះស្រាយបញ្ហាប្រឈមហិរញ្ញវត្ថុ”។ គោលបំណងនៃវេទិកានេះ គឺផ្តល់ឱកាសដល់់អ្នកចូលរួមបានពិភាក្សា កំណត់និងវាយតម្លៃពីបញ្ហាប្រឈមស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុនិងដំណោះស្រាយ ដើម្បីលើកកម្ពស់និងពង្រឹងបទដ្ឋាន ដំណើរការ និងការរៀបចំការប្រឆាំងការសម្អាតប្រាក់ ការផ្ទេរប្រាក់ខុសច្បាប់ មូលនិធិឧក្រិដ្ឋកម្ម និងពង្រឹងការការពារឧក្រិដ្ឋកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅធានាស្ថិរភាពហិរញ្ញវត្ថុនិងប្រសិទ្ធភាពប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈទូរស័ព្ទចល័ត ព្រមទាំងបង្កើនភាពងាយស្រួលដល់អតិថិជននិងអន្តរការីហិរញ្ញវត្ថុ។