២២ ឧសភា ២០១៨
កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានធ្វើពិធីប្រកាសតែងតាំងនាយកថ្មីប្រចាំសាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់តូ បានប្រកាសតែងតាំងនាយកថ្មីប្រចាំសាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ លោក ថា សុទ្ធា ជំនួស លោក ហេង ទួង ដែលទើបតែចូលនិវត្ត។ ការតែងតាំងនេះ គឺដើម្បីបន្តនិរន្តរភាពការងារនិងប្រតិបត្តិការរបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ ឱ្យប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យមន្ត្រីធនាគារជាតិនៃកម្ពុជាបន្តអនុវត្តមុខងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាពស្មោះត្រង់ រក្សាការសម្ងាត់វិជ្ជាជីវៈជូនអតិថិជន ខិតខំអភិវឌ្ឍខ្លួនឯង និងបន្តស្មារតីសាមគ្គីនិងសហការគ្នាល្អជាប្រពៃណី។