០៧ មិថុនា ២០១៨
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Hyo Soon ជំនាញការបច្ចេកទេសលើប្រព័ន្ធការពារប្រាក់បញ្ញើ ជួបសម្តែងការគួរសមនិងជំរាបលា បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មរយៈពេល ៦ ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨។ បេសកកម្មនេះត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសមិត្តភាពពិភពលោក របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងបានសម្រេចការងារមួយចំនួនដូចជា ៖ ១/-ការរៀបចំបទប្បញ្ញត្តិទាក់ទងនឹងការបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនិងក្របខណ្ឌអនុវត្តប្រព័ន្ធនេះ និង ២/-ការបណ្តុះបណ្តាលស្តីពីដំណោះស្រាយចំពោះធនាគារដែលមានបញ្ហា ជូនដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។