១១ មិថុនា ២០១៨
កាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Satoru Yamadara ជំនាញការវិស័យហិរញ្ញវត្ថុ និងក្រុមបេសកកម្មជួបពិភាក្សាការងារអំពី i/-រចនាសម្ព័ន្ធនៃការធានាឥណទាននិងឧបករណ៍វិនិយោគ (CGIF) ii/-ដំណើរការចេញផ្សាយសញ្ញាប័ណ្ណ iii/-វិធានការចាំបាច់ដើម្បីលើកកម្ពស់ការប្រើប្រាស់សញ្ញាប័ណ្ណជារូបិយវត្ថុជាតិក្នុងបរិបទដុល្លារូបនីយកម្ម និង iv/-ក្របខ័ណ្ឌបទប្បញ្ញត្តិក្នុងការចេញផ្សាយសញ្ញាប័ណ្ណ។
គួរបញ្ជាក់ថា កម្ពុជាកំពុងត្រៀមខ្លួនដើម្បីបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាលើកដំបូង។ ដើម្បីធានានិរន្តរភាពនៃការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មនេះ ទាមទារឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ និងមានការធានាលើការខាតបង់ពីការធានាឥណទាននិងឧបករណ៍វិនិយោគ (CGIF) ផងដែរ។