២៨ ឧសភា ២០១៨
នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមសន្និសីទ ស្ដីពី “ភាពជាប្រធានប្រជុំអាស៊ានរបស់ប្រទេសសិង្ហបុរី សម្រាប់ឆ្នាំ២០១៨ ៖ ដំណើរឆ្ពោះទៅរកភាពធន់” ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរី និងសាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៅប្រទេសសិង្ហបុរី។ សន្និសីទនេះមានការចូលរួមពីវាគ្មិនដែលមកពី វិស័យអប់រំ មន្ត្រីនៅក្នុងជួររដ្ឋាភិបាល និងសមាជិកនៃសហគមន៍ធុរកិច្ច ជាដើម។ គោលបំណងនៃសន្និសីទនេះគឺដើម្បីផ្ដល់ឱកាសដល់វាគ្មិនចូលរួមពិភាក្សាអំពីបញ្ហាប្រឈមចម្បងៗដែលកំពុងកើតឡើងចំពោះសិង្ហបុរីដែលជាប្រធានអាស៊ាន និងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។ ប្រធានបទដែលត្រូវបានលើកមកពិភាក្សាមានដូចជា i/-ភូមិសាស្ត្រនយោបាយនិងផ្នែកការទូត ii/-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ iii/-ការតភ្ជាប់នូវការឆ្លងកាត់ក្នុងតំបន់ និង iv/-ឧក្រិដ្ឋកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ។ នាឱកាសនោះដែរ លោកជំទាវ ជា សិរី ក៏បានចូលរួមជាវាគ្មិនកិត្តិយសសម្រាប់ប្រធានបទ ស្ដីពី “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់”។