ព័ត៌មាន
ពិធីផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “កម្មវិធីសិក្សាលម្អិតគ្រប់មុខវិជ្ជានិងគ្រប់ភូមិសិក្សា”
២៨ មិថុនា ២០១៨

នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ១​រោច​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​សាល​ប្រជុំ​នៃ​វិទ្យាស្ថាន​អប់រំ​ជាតិ​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ “​កម្មវិធី​សិក្សា​លម្អិត​គ្រប់មុខ​វិជ្ជា​និង​គ្រប់​ភូមិ​សិក្សា​”​ ក្រោម​អធិបតីភាព​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ ក្នុង​ឱកាស​នេះ​ផង​ដែរ​ លោក​ជំទាវ​ ជា​ សិរី​ ក៏​បាន​ទទួលយក​សៀវភៅ​កម្មវិធី​សិក្សា​លម្អិត​លើ​មុខ​វិជ្ជា​ចំនួន​៥​ គឺ​គណិត​វិទ្យា​ គេហ​សេដ្ឋកិច្ច​ សិក្សា​សង្គម​ សីលធម៌​ពលរដ្ឋ​វិជ្ជា​ និង​បំ​ណិ​ន​ជីវិត​តាម​មូលដ្ឋាន​ ដែល​ជា​មុខ​វិជ្ជា​សម្រាប់​ដាក់​បញ្ចូល​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ក្រោម​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​២​។​ 
​ដោយ​សង្កេត​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ការ​ទទួល​បាន​និង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ដែល​អាច​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ និង​ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​និង​កំពុង​សហការ​គ្នា​លើ​គម្រោង​ដាក់​បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់​ទី​១​ ដល់ទី​១២​។​ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​រួម​គ្នា​ដើម្បី​ កំណត់​នឹង​កែសម្រួល​កម្មវិធី​សិក្សា​លើ​មុខ​វិជ្ជា​ពាក់ព័ន្ធ​។​ ជា​ជំហាន​បន្ទាប់​ ធនាគារជាតិ​នៃ​កម្ពុជា​ នឹង​បន្ត​កិច្ច​គាំទ្រ​ដល់​ក្រសួង​ក្នុង​សរសេរ​សៀវភៅ​សិក្សា​គោល​ និង​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើ​មុខ​វិជ្ជា​ពាក់ព័ន្ធ​ទាំងនេះ​ ដើម្បី​ធានា​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ ។​