ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​មក​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ (CMA)​ ស្តី​ពី​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​
២៨ មិថុនា ២០១៨

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១​រោច​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំ​រិ​ទ្ធិ​ស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ តំណាង​មក​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ (CMA)​ ជួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​ធនាគារ​ ដោយ​មាន​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖​ i/-​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​វិទ្យាស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ii/-​ ក្រប​ខណ្ឌ​សមត្ថភាព​សម្រាប់​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងមូល​ iii/-​ ការ​បង្កើត​កម្មវិធី​សិក្សា​សម្រាប់​រៀបចំ​វគ្គ​
​បណ្តុះបណ្តាល​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការ​ប្រតិបត្តិ​តាម​ ការ​ប្រឆាំង​ការ​សំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​  ការ​វាយតម្លៃ​ឥណទាន​ ការ​គ្រប់គ្រង​ហានិភ័យ​ សវន​កម្ម​ផ្ទៃក្នុង​ ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ ជាដើម​ និង​iv/-​ ការ​បង្កើត​មូលនិធិ​អភិវឌ្ឍ​ធនធានមនុស្ស​។​ កិច្ច​ពិភាក្សា​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹងគុណភាព​ធនធានមនុស្ស​ ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ឲ្យ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ធនធានមនុស្ស​ក្នុង​វិស័យ​ធនាគារ​នៅ​ក្នុង​តំបន់​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ជា​អាជ្ញាធរ​អាណាព្យាបាល​ និង​វិស័យ​ឯកជន​ក្នុង​ប្រព័ន្ធ​ធនាគារ​។​