៣១ កក្កដា ២០១៨
នៅថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៣ថ្ងៃនេះ មានការអញ្ជើញចូលរួមពីតំណាង ADB លោក James Villafurte និងសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ធ្វើជាវាគ្មិន និងសិក្ខាកាមមកពីនាយកដ្ឋានពាក់ព័ន្ធនៃធនាគារជាតិនៃកម្ពុជាប្រមាណ ៥០នាក់។
ថ្លែងក្នុងឱកាសបើក លោកជំទាវបានមានប្រសាសន៍ថា ប្រសិទ្ធភាពនៃការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចពិតជាមានសារៈសំខាន់សម្រាប់ធនាគារជាតិនៃកម្ពុជាក្នុងការកំណត់ភាពងាយរងនៃសេដ្ឋកិច្ច កម្ពុជា និងចាត់វិធានការឱ្យបានទាន់ពេលវេលា។ ដើម្បីសម្រេចបាននូវការងារទាំងនេះ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាតែងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពមន្ត្រីបុគ្គលិក ហើយលោកជំទាវក៏បានថ្លែងអំណរគុណដល់ ADB ដែលតែងតែបន្តចូលរួមចំណែកកសាងសមត្ថភាពជំនាញដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់រីកចម្រើនថែមទៀត។