ព័ត៌មាន
សិក្ខាសាលា​ស្តី​ពី​ ​សារៈសំខាន់​នៃ​ការ​ចងក្រង​ស្ថិតិ​
១៧ សីហា ២០១៨

នៅ​ថ្ងៃ​សុក្រ​ ៦​កើត​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ស្តី​ពី​ “​សារៈសំខាន់​នៃ​ការ​ចងក្រង​ស្ថិតិ​”​ ដែល​សហការ​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ នៃ​ក្រសួងផែនការ​។​ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​បុគ្គលិក​នៃ​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ សមាគម​ធុរកិច្ច​ គ្រឹះស្ថាន​អប់រំ​ និង​វិស័យ​ឯកជន​ផ្សេង​ទៀត​ប្រមាណ​ ២០០​នាក់​។​ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ចងក្រង​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​ស្ថិតិ​សេដ្ឋកិច្ច​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ ផែនការ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ និង​ការ​សិក្សា​ស្រាវជ្រាវ​នានា​ ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​វាគ្មិន​ដែល​ពោរពេញ​ដោយ​ចំណេះដឹង​និង​បទ​ពិសោធន៍​។​