១៥ សីហា ២០១៨
នៅថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវការបង្កើតសមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodia Fintech Association)។ នាឱកាសនេះ លោកជំទាវបានសម្ដែងការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការដឹកនាំក្នុងការបង្កើតសមាគមនេះឡើង ដែលជាការឆ្លុះបញ្ចាំងអំពីស្មារតីមោះមុតក្នុងជួយជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដើម្បីជួយសម្រួលឱ្យអ្នកប្រើប្រាស់អាចទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ មានប្រសិទ្ធភាពខ្ពស់ មានសុវត្ថិភាព និងងាយស្រួល។