ព័ត៌មាន
កិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលវៀតណាម
២៣ សីហា ២០១៨

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ១២​កើត​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​ គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​គណៈប្រតិភូ​ធនាគារ​រដ្ឋ​វៀតណាម​ ដឹកនាំ​ដោយ​ឯកឧត្តម​ Le​ Minh​ Hung​ ទេសាភិបាល​ ធនាគារ​រដ្ឋ​វៀតណាម​ បាន​ជួប​ប្រជុំ​ទ្វេភាគី​ នៅ​ប្រទេស​វៀតណាម​។​ ជំនួប​ទ្វេភាគី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ប្រចាំឆ្នាំ​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់ទំនង​មិត្តភាព​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ ក៏​ដូច​ជា​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​វៀតណាម​។​ 
​កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ​និង​ផ្លែផ្កា​ ដោយ​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​ស្ថានភាព​សេដ្ឋកិច្ច​និង​ធនាគារ​នៃ​ប្រទេស​ទាំង​ពីរ​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​នា​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​។​ ក្រោម​អនុស្សរណ​យោគយល់​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៧​ កិច្ច​សហប្រតិបត្តិការ​នៃ​ធនាគារកណ្តាល​ទាំង​ពីរ​បាន​ពង្រីក​វិសាលភាព​ ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ ពង្រឹង​កិច្ចសហការ​លើ​ការងារ​រួម​គ្នា​ ដូច​ជា​ទៅ​លើ​ការ​ត្រួតពិនិត្យ​លើ​ធនាគារ​ដែល​មាន​ប្រតិបត្តិការ​ឆ្លង​ដែន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ និង​ការ​អភិវឌ្ឍ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូរ​ទាត់​ ព្រមទាំង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​ បច្ចុប្បន្ន​ ប្រព័ន្ធ​ធនាគារ​កម្ពុជា​ មាន​សាខា​ធនាគារ​វៀតណាម​ចំនួន​ប្រាំ​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ ហើយ​បាន​រួមចំណែក​ផ្តល់​ប្រភព​ទុន​ដល់​ការ​វិនិយោគ​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​ លើស​ពី​នេះ​ អង្គប្រជុំ​ក៏​បាន​កំណត់​ទិស​ដៅ​អាទិភាព​នៃ​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​លើ​ផ្នែក​មួយ​ចំនួន​ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​បន្ត​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​ការងារ​ស្នូល​ ក្នុង​នោះ​រួម​មាន​ ៖​ i/-​ ការ​គ្រប់គ្រង​គោលនយោបាយ​រូបិយ​វត្ថុ​ និង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ ii/-​ការ​រីក​ចម្រើន​និង​ការ​គ្រប់គ្រង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ iii/-​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​និង​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ iv/-​ ការ​ពង្រឹង​ការ​ត្រួតពិនិត្យ​ធនាគារ​។​ ម្យ៉ាងទៀត​ ធនាគារ​រដ្ឋ​វៀតណាម​ ក៏​បន្ត​បង្កើន​ការ​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​និង​បណ្ឌិត​នៅ​ប្រទេស​វៀតណាម​ថែម​ទៀត​ផង​ដែរ​។​