ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​បន្ថែម​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តម្បាញ​សូត្រ​របស់​ធនាគារ​ មេ​យ​ប៊ែ​ង​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​ ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តតាកែវ​
២៥ សីហា ២០១៨

កាលពី​ថ្ងៃ​សៅរ៍​ ១៤​កើត​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​បន្ថែម​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តម្បាញ​សូត្រ​របស់​ធនាគារ​ មេ​យ​ប៊ែ​ង​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​  ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្តតាកែវ​។​ ការ​សាងសង់​ពង្រីក​អាគារ​បន្ថែម​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តម្បាញ​សូត្រ​របស់​ធនាគារ​ មេ​យ​ប៊ែ​ង​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​ នឹង​បន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់​ឱកាស​ដល់​បងប្អូន​ស្ត្រី​នៅ​ក្នុង​សហគមន៍​ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​និង​ជំនាញ​ពិតប្រាកដ​និង​បង្កើត​ឱកាស​ការងារ​ដើម្បី​ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​ស្វែងរក​ប្រាក់​ចំណូល​ឱ្យ​ក្លាយជា​ស្ត្រី​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ដោយ​ឯករាជ្យ​។​  ការ​ទទួល​បាន​នូវ​ប្រាក់​ចំណូល​នេះ​នឹង​អនុញ្ញាត​ឱ្យ​ស្ត្រី​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ ដូច​ជា​លទ្ធភាព​បញ្ជូន​កូន​ឱ្យទៅ​រៀនសូត្រ​បាន​ចប់​ចុង​ចប់​ដើម​ ជា​ពិសេស​ការ​សន្សំ​និង​ការ​វិនិយោគ​។​ ទន្ទឹម​នេះ​ លោក​ជំទាវ​ ជា​ សិរី​ សូម​លើកទឹកចិត្ត​ចំពោះ​ស្ត្រី​តម្បាញ​ទាំងអស់​ឱ្យ​ខិតខំ​ត្រងត្រាប់​រៀនសូត្រ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ សហគមន៍​ និង​សង្គម​ជាតិ​ផង​ដែរ​។​ លោក​ជំទាវ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ស្ថាប័ន​ទាំងអស់​នឹង​បន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​វិនិយោគ​លើ​ការ​ផ្ដល់​ចំណេះដឹង​ និង​ជំនាញ​ដល់​ស្ត្រី​ មិន​ថា​នៅ​តាម​ទីក្រុង​ និង​តាម​ទី​ជនបទ​។​