ព័ត៌មាន
ជំនួប​រវាង​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​ក​ម្ពូ​ជា​ ជាមួយ​ឯកឧត្តម​ Ding​ Xiangqun​ អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​ស្វយ័ត​នៃ​ខេត្ត​ Guangxi​ Zhaung​ ប្រទេស​ចិន​
២៩ សីហា ២០១៨

នៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០នាទីព្រឹក ឯកឧត្តម ជា ចាន់តូ អគ្គទេ​សា​ភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួប​សម្តែងការគួរសម​និង​ពិភាក្សា​​ការងារជាមួ​យគណៈប្រតិភូ​នៃតំបន់​ស្វយ័ត​នៃ​​ខេត្ត Guangxi Zhaung ប្រទេសចិន ដែលដឹកនាំដោយ ឯកឧត្តម Ding Xiangqun អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​​ស្វយ័ត​នៃ​ខេត្ត Guangxi Zhaung ​អញ្ជើ​ញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃ​ទី​២៧-៣០ ខែសីហា ឆ្នាំ២០១៨។ ការបំពេញទស្សនកិច្ចក្នុងពេលនេះ ក្នុងគោលបំណង​លើកកម្ពស់​ការធ្វើពាណិជ្ជកម្ម​និង​វិនិយោគរវាងប្រទេសកម្ពុជា និងខេត្ត Guangxi Zhaung នៃសាធារណរដ្ឋប្រជាមានិតចិន។

 

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គទេសាភិបាល បានជម្រាបជូនពីស្ថានភាព​សេដ្ឋកិច្ច​និងការអភិវឌ្ឍ​​រីកចម្រើនរបស់ប្រទេសកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅ​ប្រទេស​​កម្ពុជា វិនិយោគិនចិនជាច្រើនបានមកវិនិយោគលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកាត់ដេរ សំណង់ កសិកម្ម ក៏ដូចជាវិស័យធនាគារនិងហិរញ្ញវត្ថុ ដែលសព្វថ្ងៃមានធនាគារ​ចិនពីរ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅប្រទេសកម្ពុជា គឺធនាគារ អាយ ស៊ី ប៊ី ស៊ី និងធនាគារចិនសាខាភ្នំពេញ។

 

ឯកឧត្តម Ding Xiangqun អនុប្រធាននៃរដ្ឋាភិបាលរបស់តំបន់ស្វយ័តនៃខេត្ត Guangxi Zhaung ក៏បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា​មានការអភិវឌ្ឍ​រីក​ចម្រើន​​គួរឱ្យកត់សម្គាល់។ ការវិនិយោគរបស់វិនិយោគិនចិននៅប្រទេសកម្ពុជា ក៏មានការកើន​ឡើង​គួរឱ្យ​កត់​សម្គាល់ទាំងទំហំនិងប្រតិបត្តិការ។ បើគិតត្រឹមឆ្នាំ២០១៧ ការនាំចេញពីខេត្ត GuangXi Zhaung មកកម្ពុជា មានប្រមាណ ៦៩,៣ លាន​ដុល្លារ​អាមេរិក​ ហើយមានសហគ្រាសធំៗចំនួន២៨ បាន​មកវិនិយោគ​នៅ​ប្រទេសកម្ពុជា ដែលមាន​ទឹកប្រា​ក់​សរុបប្រមាណ ១ប៊ីលានដុល្លារអាមេរិក។ រីឯ ប្រតិបត្តិការ​ឆ្លងដែនរវាង​ប្រាក់រៀលនិងប្រាក់យ៉ន់ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន​ផងដែរ បន្ទាប់ពីបាន​សម្ពោធដាក់​ឱ្យដំណើរ​ការ​ដោះដូរ​រវាងប្រាក់រៀលនិងប្រាក់យ៉ន់ក្នុងទីផ្សារអន្តរធនាគារនៅតំបន់ស្វយ័ត Guangxi Zhaung ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៧។ ដោយសារ​​ខេត្ត GuangXi Zhaung ជាចំណុចកណ្តាលសម្រាប់​តភ្ជាប់រវាង​ប្រទេស​ចិន និងប្រទេសតំបន់អាស៊ាន រដ្ឋ​បាល​តំបន់ស្វយ័តនៃខេត្តនេះ បាននិងកំពុងដើរតួនាទីស្នូលក្នុង​ការពង្រីកកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសចិន និងតំបន់អាស៊ាន។

 

នៅក្នុងជំនួបនេះ ឯកឧត្តម Ding Xiangqun បានសំណូមពរ​បន្ត​ពង្រឹ​ង​​ទំនាក់ទំនង​និង​​​​​​កិច្ច​សហ​​ប្រតិបត្តិការ​លើគ្រប់វិស័យ ដើម្បី​ជំរុញការអភិវឌ្ឍឱ្យ​កាន់តែ​ប្រសើរ​ឡើង​ស្របតាម​យុទ្ធសា​ស្រ្ត​​​ ​ខ្សែក្រវាត់មួយ-ផ្លូវមួយ។ ឆ្លៀតក្នុង​ឱកាស​នេះ ឯកឧត្តម ក៏មានបំណងមកអញ្ជើញ ឯកឧត្តម ទេសា​ភិបាល និង​គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដោយផ្ទាល់ ដើម្បីចូលរួមកិច្ចវេទិកាកំពូលចិន-អាស៊ាន​លើក​ទី​១០ ស្តីពី​កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងការអភិវឌ្ឍ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា​ខាង​មុខ​នេះ។