១៨ កញ្ញា ២០១៨
នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា បានចុះអនុស្សរណៈយោគយល់ដើម្បីបន្តសហការលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ក្រោមអធិបតីភាព លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា នឹងបន្តសហការគ្នាក្នុងយុទ្ធនាការដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងពង្រីកការចូលរួមផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាគ្រប់វ័យ។ កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះជាប្រភពនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដែលអាចទាញយកដោយឥតគិតថ្លៃ តាមរយៈកម្មវិធី Google Play និង App Store។ ធនាគារជាតិនៃកម្ពុជាបានកំណត់ទិសដៅនៃការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទៅ ពិសេសកុមារពីកម្រិតបឋមដល់កម្រិតទុតិយភូមិ។
