១៩ កញ្ញា ២០១៨
នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយក្រុមបេសកកម្មកិច្ចពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោកបណ្ឌិត Markus Rodlauer អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលបំណងតាមដាននិងវាយតម្លៃអំពីការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា។ លោកជំទាវបានជម្រាបជូនក្រុមបេសកកម្មអំពីវឌ្ឍនភាពថ្មីរួមមាន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារ ព្រមទាំងឥទ្ធិពលនៃហានិភ័យខាងក្រៅចំពោះសេដ្ឋកិច្ចកម្ពុជា ជាពិសេស សង្គ្រាមពាណិជ្ជកម្ម និងស្ថានភាពរឹតត្បិតនៃទីផ្សារហិរញ្ញវត្ថុពិភពលោក។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងការផ្តល់ជំនួយបច្ចេកទេសកន្លងមក និងបានលើកឡើងពីតម្រូវការជំនួយបច្ចេកទេសបន្ថែមទៀតនាពេលខាងមុខ។