២៧ កញ្ញា ២០១៨
នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកម្ពុជាសាធារណៈ ដែលដឹកនាំដោយ លោក Tan Sri Dato' Sri Tay Ah Lek ប្រធានគ្រប់គ្រងរួម និងនាយកប្រតិបត្តិធនាគារសាធារណៈម៉ាឡេស៊ី ចូលជួបសំដែងការគួរសម។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កលក្ខណៈជូនតំណាងធនាគារមេរបស់ធនាគារកម្ពុជាសាធារណៈ រាយការណ៍ជូនអំពីវឌ្ឍនភាព និងទិសដៅសកម្មភាពរបស់ធនាគារកម្ពុជាសាធារណៈនាពេលខាងមុខ។ អស់រយៈពេល២៦ឆ្នាំមកហើយដែលធនាគារកម្ពុជាសាធារណៈមានវត្តមាននៅកម្ពុជា ហើយបានពង្រីកសាខារហូតដល់៣១សាខានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាទិសដៅខាងមុខ ធនាគារកម្ពុជាសាធារណៈនឹងបន្តពង្រីកបណ្តាញសាខាបន្ថែមទៀតនៅកម្ពុជា ដោយសារតែបរិយាកាសអំណោយផលនៃសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុល្អប្រសើរ ជាពិសេសបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យធនាគារ។
ឯកឧត្តម ទេសាភិបាល បានស្វាគមន៍នូវទស្សនកិច្ចរបស់ធនាគារសាធារណៈម៉ាឡេស៊ី និងបានអបអរសាទរដែលធនាគារកម្ពុជាសាធារណៈទទួលបានជោគជ័យក្នុងការវិនិយោគនារយៈពេលកន្លងមក។ ឯកឧត្តមក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិស្ថានវិនិយោគអំណោយផលដល់វិនិយោគិននៅកម្ពុជា។