ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក​
០៣ តុលា ២០១៨

នៅ​ថ្ងៃ​ពុធ​ ៩​រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក​ ដោយ​មាន​វត្តមាន​របស់​តំណាង​ក្រុមហ៊ុន​ Ford,​ Visa​ និង​ Master​ ជាដើម​។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​លទ្ធភាព​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​នៅ​កម្ពុជា​។​ នៅ​ឆ្នាំ​នេះ​ កិច្ច​ពិភាក្សា​បាន​សង្កត់ធ្ងន់​លើ​ វិស័យ​កសិកម្ម​ ទេសចរណ៍​ ការ​ទូរ​ទាត់​អេ​ឡិច​ត្រូ​និក​ ការ​ធ្វើ​ទំនើប​កម្ម​ទូរគមនាគមន៍​ ដែល​រួម​មាន​ e-commerce​ និង​ e-government​។​
​លោក​ជំទាវ​ ជា​ សិរី​ បាន​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ និង​ការ​បើកចំហ​របស់​សេដ្ឋកិច្ច​កម្ពុជា​ ដែល​អាច​ផ្តល់​កាលានុវត្តភាព​ដល់​ការ​វិនិយោគ​ នវានុវត្តន៍​ និង​ការ​ធ្វើ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ ជាដើម​។​ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​ដូច​ជា​ ប្រព័ន្ធ​ទូទាត់​រហ័ស​ (FAST)​ និង​ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច​ (CSS)​ រួម​ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​សម​ស្រប​ចំពោះ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​នានា​។​ បន្ថែម​លើ​នេះ​ លោក​ជំទាវ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ដែល​សម្បូរ​ដោយ​ផ្ទៃដី​អាច​ដាំ​ដុះ​បាន​ ជាមួយនឹង​ការ​អាច​ឈាន​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ​ ជា​ពិសេស​ទីផ្សារ​ប្រទេស​ចិន​ ខណៈ​ដែល​វិស័យ​នេះ​មិន​ទាន់​ទទួល​បានការ​វិនិយោគ​ច្រើន​នៅឡើយ​។​