ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលា “ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ការវិភាគ និងការអនុវត្តសម្រាប់សេដ្ឋកិច្ចកម្ពុជា”
២៦ វិចិ្ឆកា ២០១៨

នៅថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាខេត្តសៀមរាប លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវអំពី “ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ការវិភាគ និងការអនុវត្តសម្រាប់សេដ្ឋកិច្ចកម្ពុជា” ក្រោមកម្មវិធី “ភាពជាដៃគូផ្តល់ចំណេះដឹង ឆ្នាំ២០១៨” របស់ធនាគារកណ្តាលកូរ៉េ (BOK-KPP) ព្រមទាំងបានទទួលជួបស្វាគមន៍លោក Byunghwa JANG  ទីប្រឹក្សាជាន់ខ្ពស់ធនាគារកណ្តាលកូរ៉េ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជារួមសហការជាមួយធនាគារកណ្តាលកូរ៉េ និងសាកលវិទ្យាល័យកូរ៉េ YONSEI។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមបានទទួលនូវចំណេះដឹងពាក់ព័ន្ធនឹងការកំណត់ និងការអនុវត្តម៉ូឌែលសេដ្ឋកិច្ចសម្រាប់សិក្សាវិភាគពីភាពប្រទាក់ក្រឡាគ្នារវាងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងបរិការណ៍កម្ពុជា សម្រាប់ជាទស្សនទានថ្មី និងជាធាតុចូលក្នុងការរៀបចំគោលនយោបាយរូបិយវត្ថុ ក្នុងទិសដៅរក្សាឱ្យបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។