០៥ ធ្នូ ២០១៨
នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី និងផ្ដល់មតិអបអរសារទរ ការចុះបញ្ជីលក់ជាផ្លូវការ “សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុត នៅកម្ពុជា លេខ១” របស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នៅផ្សារមូលបត្រកម្ពុជា។ ការចុះបញ្ជីលក់ ជាផ្លូវការសញ្ញាប័ណ្ណសាជីវកម្មរបស់គ្រឹះស្ថានបានជួយឆ្លុះ បញ្ជាំងឱ្យឃើញពីភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ដោយបច្ចុប្បន្នវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងសហគ្រាសវិនិយោគនានាមានជម្រើសឧបករណ៍ វិនិយោគច្រើនជាងមុន ហេីយគ្រឹះស្ថានផ្ទាល់ក៏មានលទ្ធភាពក្នុងការស្វែងរកទុនវិនិយោគបន្ថែមជាមួយនឹងថ្លៃចំណាយទាបសម្រាប់បំពេញតម្រូវការកំណេីនឥណទាន។ ទន្ទឹមនេះការចេញផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់រៀលឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីខ្ពស់របស់គ្រឹះស្ថានក្នុងការជួយគាំទ្រនិងលើកកម្ពស់គោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា។ ឆ្លៀតឱកាសនេះ លោកជំទាវបានមានប្រសាសន៍លើកទឹកចិត្តដល់គ្រឹះស្ថានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ។