២៦ វិចិ្ឆកា ២០១៨
នៅថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងសុន្ទរកថា និងចូលរួមជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិស្ដីពី “ភាពស្វាហាប់នៃធុរកិច្ច៖ ការបង្កើតឡើងនូវការច្នៃប្រឌិតនិងនិរន្តរភាពធុរកិច្ចជាយុទ្ធសាស្រ្តក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច” នៅមហាវិទ្យាល័យ Sunway ប្រទេសម៉ាឡេស៊ី។ សន្និសីទនេះមានគោលបំណងដើម្បីអនុញ្ញាតឱ្យសិក្ខាកាមចូលរួមផ្លាស់ប្ដូរយោបល់អំពីកត្តានានាដែលជំរុញឱ្យមាននិរន្តរភាពធុរកិច្ច។ លោកជំទាវ ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនសម្រាប់ប្រធានបទ “តួនាទីរបស់វិស័យធនាគារក្នុងការរួមចំណែកជំរុញនូវនិរន្តរភាពធុរកិច្ច”។ លោកជំទាវ បានធ្វើការចែករំលែកនៅក្នុងសន្និសីទអន្តរជាតិនេះផងដែរថា ដើម្បីជំរុញការអភិវឌ្ឍ និងប្រសិទ្ធភាពការងារនៅក្នុងវិស័យ អាជ្ញាធរនីមួយៗត្រូវរក្សាតុល្យភាពលើការដាក់បទប្បញ្ញត្តិលើនវានុវត្តន៍ថ្មីៗ និងត្រូវរក្សាកិច្ចសន្ទនាល្អជាមួយវិស័យឯកជនដើម្បីសិក្សារៀនសូត្រនិងផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។