០៤ មករា ២០១៩
នៅថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤ ខែមករា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ការធ្វើបច្ចុប្បន្នកម្មលើប្លង់គណនីឯកភាពសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ” នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមមកពីគ្រឹះស្ថានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រមាណ ២០០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងអំពីប្លង់គណនីឯកភាពថ្មីដែលត្រូវបានធ្វើបច្ចុប្បន្នកម្មដោយធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យការកត់ត្រាកិច្ចបញ្ជិកាគណនេយ្យរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានលក្ខណៈស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលដាក់ឲ្យអនុវត្តដោយក្រុមប្រឹក្សាជាតិគណនេយ្យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នេះតទៅ។