០៤ មីនា ២០១៩
កាលពីថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងសន្និសីទថ្នាក់ជាតិស្ដីពីវិស័យសាធារណៈក្នុងសម័យឌីជីថល នៅសាលាភូមិន្ទរដ្ឋបាល។ សន្និសីទនេះបានធ្វើឡើងដោយមានការសហការរៀបចំដោយក្រសួងមុខងារសាធារណៈជាមួយនឹង UNDP កម្ពុជា។ គោលបំណងនៃសន្និសីទនេះគឺដើម្បី ១/-បង្ហាញអំពីការអនុវត្តដែលទទួលបានជោគជ័យនៅក្នុងវិស័យសាធារណៈនៅក្នុងតំបន់និងសកលលោក ២/-ស្វែងយល់ពីលទ្ធភាពនៃការធ្វើទំនើបកម្មលើការផ្ដល់សេវាសាធារណៈតាមរយៈការផ្លាស់ប្ដូរជាប្រព័ន្ធនិងការចូលរួមឱ្យបានសកម្មពីសំណាក់ភាគីពាក់ព័ន្ធ និង ៣/-ប្រមូលទិន្នន័យពីមន្ត្រីរាជការនិងភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្ពោះទៅមុខ។ នាឱកាសនោះ លោកជំទាវ ជា សិរីបានចូលរួមជាវាគ្មិនក្រោមប្រធានបទស្ដីពី ការរៀបចំគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពនិងត្រឹមត្រូវតាមកាលៈទេសៈ ៖ ការពិសោធន៍ក្នុងការរៀបចំនិងអនុវត្ត។ លោកជំទាវបានធ្វើបទបង្ហាញស្ដីពី បទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តបទប្បញ្ញត្តិមួយចំនួនដើម្បីទទួលបានផលប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាថ្មីៗនិងទប់ស្កាត់ហានិភ័យដែលអាចកើតមានឡើង។ ក្នុងនោះ រួមមានបទពិសោធន៍ក្នុងការដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងប្រព័ន្ធព័ត៌មានឥណទានដែលត្រូវបានចាត់ទុកថាជាគំរូអនុវត្តដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍និងការដាក់ចេញបទប្បញ្ញត្តិប្រព័ន្ធទូទាត់នៅកម្ពុជាដែលបច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងសម្រួលដល់ការទូទាត់ជាសាធារណៈនិងឯកជន។