២៨ មីនា ២០១៩
នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដើម្បីប្រើប្រាស់ជាយន្តការក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ការចុះអនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និតបន្ថែមទៀត និងដើម្បីរួមគ្នាទប់ស្កាត់និងលុបបំបាត់សកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។