ព័ត៌មាន
ការ​បង្ហាញ​ពី​ «​អន្តរ​ប្រតិបត្តិការ​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ QR​ (Interoperable​ QR​ Payment)»​ រវាង​ Siam​ Commercial​ Bank​ (SCB)​ របស់​ប្រទេស​ថៃ​ និង​សាខា​របស់​ខ្លួន​នៅ​កម្ពុជា​
០៤ មេសា ២០១៩

នា​ថ្ងៃ​ព្រហស្បតិ៍​ ១៥​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៩​ នៅ​ខេត្ត​ឈាង​រ៉ៃ​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ឯកឧត្តម​ Veerathai​ Santiprabhob​ ទេសាភិបាល​ ធនាគារកណ្តាល​ថៃ​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ឱកាស​នៃ​ការ​បង្ហាញ​ពី​ «​អន្តរ​ប្រតិបត្តិការ​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ QR​ (Interoperable​ QR​ Payment)»​ រវាង​ Siam​ Commercial​ Bank​ (SCB)​ របស់​ប្រទេស​ថៃ​ និង​សាខា​របស់​ខ្លួន​នៅ​កម្ពុជា​ ដើម្បី​បន្ត​ការ​សហការ​ដ៏​រឹង​មាំ​ក្នុង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រវាង​ប្រទេស​ទាំង​ពីរ​។​ អន្តរ​ប្រតិបត្តិការ​នៃ​ការ​ទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ​ QR​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ស្តង់ដារ​ EMV​ ដែល​នឹង​អាច​សម្រួល​ដល់​ការ​ទូទាត់​រាយ​ឆ្លង​ដែន​រវាង​បុគ្គល​និង​ពាណិជ្ជករ​ក្នុង​ប្រទេស​ទាំង​ពីរ​។​ ជាមួយនឹង​សេវាកម្ម​នេះ​ ភ្ញៀវ​ទេសចរ​ថៃ​នឹង​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​ក្នុង​ទូរ​សព្ទ​ដៃ​ ដើម្បី​ស្កេ​ន​ QR​ code​ និង​ធ្វើការ​ទូទាត់​សង​ប្រាក់​ទៅ​កាន់​ពាណិជ្ជករ​កម្ពុជា​។​ ខណៈ​ដែល​ការ​បង្ហាញ​នៅ​ថ្ងៃនេះ​ជា​ការ​បង្ហាញ​សាកល្បង​អំពី​ការ​ទូទាត់​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ក្នុង​ប្រព័ន្ធ​ធនាគារ​ ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការ​ពង្រីក​បណ្តាញ​ទូទាត់​សង​ប្រាក់​ និង​ធ្វើ​ឱ្យ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​ QR​ អាច​ធ្វើ​ឡើង​ដោយ​ធនាគារ​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា​និង​ថៃ​បាន​យ៉ាង​រលូន​ ជាមួយនឹង​ការ​អភិវឌ្ឍ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរ​ប្រតិបត្តិការ​នេះ​។​