ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​
១០ មេសា ២០១៩

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ត្រូវបានសាកលវិទ្យាល័យ Georgetown University អញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ Georgetown University ជាសាកលវិទ្យាល័យដ៏ល្បីនិងចំណាស់មួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៧៨៩មក។ 

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយផ្អែកលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំពុងសិក្សាលើការបង្កើតរូបិយវត្ថុឌីជីថល សម្រាប់ទីផ្សារអន្តរធនាគារ ដោយប្រើបច្ចេកវិទ្យា Blockchain ក្រោមគម្រោងដែលមានឈ្មោះថា បាគង។ ក្នុងស្ថានភាពបច្ចុប្បន្ន ធនាគារកណ្តាលនានា ក៏កំពុងសិក្សាលើគម្រោងស្រដៀងគ្នានេះដែរ ដើម្បីទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍវិស័យធនាគារនិងប្រព័ន្ធទូទាត់ ហើយធនាគារជាតិនៃកម្ពុជា ត្រូវបានចាត់ទុកថា ជាធនាគារកណ្តាលមួយក្នុងចំណោមធនាគារកណ្តាលមុនគេក្នុងតំបន់ ដែលបានសិក្សាលើបញ្ហានេះ។