១១ មីនា ២០១៩
នាថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានឆ្នាំ២០១៩ ក្រោមប្រធានបទ “ការអានបណ្ដុះវប្បធម៌ការសិក្សាពេញមួយជីវិត” ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងឱកាសនោះផងដែរ នៅថ្ងៃទី៤, ៥, និង ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩, ១០, និង ១១ ខែមីនា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា ក៏បានរៀបចំស្ដង់ពិព័រណ៍សៀវភៅ និងឯកសារអប់រំនានា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌នៃការអាន ក៏ដូចជាផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស និងសាធារណជនអំពីប្រវត្តិនិងប្រតិបត្តិការទូទៅរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។