២៦ មីនា ២០១៩
នាព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងសន្និសីទទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ក្រោមប្រធានបទស្ដីពី “Digital Transformation Towards Industry 4.0”។ សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពី ១) ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ២) យុទ្ធសាស្ត្រសំខាន់ៗសម្រាប់កម្ពុជាក្នុងការទទួលយកឌីជីថលភាវូបនីយកម្ម និង ៣) ការវិវត្តនៃបច្ចេកវិទ្យាឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០។ ឆ្លៀតក្នុងឱកាសនេះ លោក ជំទាវ បានចែករំលែកអំពីបទពិសោធន៍ក្នុងការបង្កើតគោលនយោបាយដែលគាំទ្រទំនើបកម្មនៅក្នុងវិស័យប្រព័ន្ធទូទាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការថ្លឹងថ្លែងកត្តាហានិភ័យនិងផលវិជ្ជមាននៃនវានុវត្ត។