១០ ឧសភា ២០១៩
កាលពីថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំច ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីអំពីការវិនិយោគទុនបម្រុងអន្តរជាតិ រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ និងធនាគារកណ្ដាលប្រទេសអូទ្រីស នៅទីក្រុង Vienna ប្រទេសអូទ្រីស៕ ទន្ទឹមនេះ លោកជំទាវក៏ត្រូវបានធនាគារសម្រាប់ការទូទាត់អន្តរជាតិអញ្ជើញចូលរួមជាវាគ្មិនពិភាក្សាលើវេទិកាក្រោមប្រធានបទស្ដីពី “Digital Innovation, Reserve management and Bank Operations” ដើម្បីចែករំលែកបទពិសោធន៍អំពីគម្រោងបាគងនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បានមានប្រសាសន៍ផ្តោតចំណាប់អារម្មណ៍បណ្ដាតំណាងធនាគារកណ្ដាលដែលបានចូលរួមឱ្យបន្តយកចិត្តទុកដាក់លើការវិនិយោគទុនបម្រុងវិនិយោគអន្តរជាតិប្រកបដោយទំនួលខុសត្រូវខ្ពស់ និងចូលរួមលើកកម្ពស់ហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable financing)។ ឧទាហរណ៍ បណ្ដាធនាគារកណ្ដាលដែលបានគរពូនទុនបម្រុងវិនិយោគអន្តរជាតិច្រើនលើសតម្រូវការចាំបាច់ អាចចូលរួមគម្រោងវិនិយោគលើប្រភពថាមពលអគ្គីសនីថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយសារពួកគាត់មានលទ្ធភាពខ្ពស់ក្នុងការវិនិយោគលើប្រភេទឧបករណ៍ថ្មីៗដើម្បីស្វែងរកចំណូលបន្ថែម និងចូលរួមចំណែកសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយចីរភាព។ ជាក់ស្ដែងបណ្ដាប្រទេសមួយចំនួននៅលើសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍកំពុងប្រឈមនឹងបញ្ហាកង្វះខាតប្រភពផ្គត់ផ្គង់អគ្គីសនីប្រកបដោយនិរន្តរភាព កត្តានេះបានបង្កជាបញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច ដូច្នេះការវិនិយោគលើប្រភពថាមពលអគ្គីសនីថ្មីដែលមិនប៉ះពាល់ដល់បរិស្ថានគឺជាជម្រើសវិនិយោគចាំបាច់សម្រាប់ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។