០៨ កក្កដា ២០១៩
កាលពីថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិ ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ការិយាល័យអភិវឌ្ឍន៍សមត្ថភាពប្រចាំនៅប្រទេសថៃ (CDOT) និងនាយកដ្ឋានស្ថិតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោមជំនួយហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលជប៉ុនសម្រាប់គម្រោងកែលម្អស្ថិតិវិស័យក្រៅប្រទេស ចាប់ពីថ្ងៃទី៨-១២ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ ខតថ៍យ៉ាដ ម៉ារីយ៉ត ខេត្តសៀមរាប។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីចងក្រងស្ថិតិវិស័យក្រៅប្រទេស របស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) លើទស្សនាទាន និងវិធីសាស្ត្រចងក្រង ដោយផ្អែកតាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិ បោះពុម្ពលើកទី៦ (BPM6) របស់ IMF ដើម្បីចូលរួមពង្រឹងគុណភាពទិន្នន័យសម្រាប់ការប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងការតាមដានដំណើរការសេដ្ឋកិច្ចជាដើម។