ព័ត៌មាន
សិក្ខាសាលា​ស្តី​ពី​ “​ស្ថិរភាព​រូបិយ​វត្ថុ​”​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​
១៥ កក្កដា ២០១៩

នា​ថ្ងៃ​ចន្ទ​ ១៤​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​ធំ​ អគារ​សែន​សុខ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “​ស្ថិរភាព​រូបិយ​វត្ថុ​”​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៤២៣​នាក់​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​បណ្តុះបណ្តាល​ផ្ទៃក្នុង​ដល់​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ ឱ្យ​ទទួល​បានការ​ចែករំលែក​បទ​ពិសោធន៍​និង​ចំណេះដឹង​ទាក់ទង​នឹង​មុខងារ​-​តួនាទី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​រូបិយ​វត្ថុ​ ព្រមទាំង​ចំណេះដឹង​អំពី​ប្រវត្តិ​នៃ​ប្រព័ន្ធ​រូបិយ​វត្ថុ​កម្ពុជា​ ប្រវត្តិ​ប្រព័ន្ធ​ធនាគារ​ និង​ការ​រីក​ចម្រើន​និង​ប្រវត្តិ​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​កន្លង​មក​ សម្រាប់​ជា​មូលដ្ឋាន​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត​។​ នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ទេសាភិបាល​ បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ធ្វើ​បទឧទ្ទេស​ស្តី​ពី​ “​ស្ថិរភាព​រូបិយ​វត្ថុ​”​ ទាក់ទង​នឹង​ ១/.​ សេចក្តី​ផ្តើម​អំពី​ស្ថិរភាព​រូបិយ​វត្ថុ​ ២/.​ ទស្សនៈ​លើ​ស្ថិរភាព​រូបិយ​វត្ថុ​ ៣/.​ ប្រវត្តិ​រូបិយ​វត្ថុ​និង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ ៤/.​ ការ​រក្សា​ស្ថិរភាព​រូបិយ​វត្ថុ​កម្ពុជា​ និង​៥/.​ សេចក្តីសន្និដ្ឋាន​ជា​រួម​។​ នា​ពេល​រសៀល​ សិក្ខាសាលា​ក៏​មាន​រៀបចំ​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ ស្តី​ពី​ “​តួនាទី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​រក្សា​ស្ថិរភាព​រូបិយ​វត្ថុ​”​ ផង​ដែរ​។​