ព័ត៌មាន
សិក្ខាសាលាថ្នាក់ស្រុកស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”
១៦ កក្កដា ២០១៩

នា​ព្រឹក​ថ្ងៃ​អង្គារ​ ១៥​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​លោក​ គិត​ សុ​វ​ណ្ណា​រិ​ទ្ធ​ អគ្គនាយករង​ត្រួតពិនិត្យ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​ក្រុមការងារ​សហការ​ជាមួយ​ស្រុក​មេមត់​នៃ​ខេត្ត​ត្បូងឃ្មុំ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ស្រុក​ស្តី​ពី​ “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​។​ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​លោក​ ញឹក​ នៅ​ អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​មេមត់​និង​លោក​ គា​ បូរាណ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ព្រមទាំង​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​  មន្ត្រី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ មន្ត្រី​ធនាគារពាណិជ្ជ​ មន្ត្រី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ មន្ត្រី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ចាម​  អាជ្ញាធរ​មូលដ្ឋាន​ស្រុក​មេមត់​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់​ចំនួន​ប្រមាណ​៦០០​នាក់​។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ទ្បើ​ង​ក្នុង​គោលបំណង​ ១/-​  ផ្សព្វផ្សាយ​ពី​បទ​ប្ប​ញ្ញ​តិ្ត​និង​កិច្ច​គាំពារ​អតិថិជន​ដែល​ប្រើប្រាស់​សេវា​មីក្រូហិរញ្ញវត្ថុ​ ២/-​ ផ្សព្វផ្សាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ៣/-​ ទទួល​ធាតុ​ចូល​អំពី​បញ្ហា​មីក្រូហិរញ្ញវត្ថុ​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ ៤/-​ សេវាកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ និង​៥/-​ ដោះស្រាយ​សំណូមពរ​ជាក់ស្តែង​ដែល​បាន​លើក​ឡើង​ក្នុង​អង្គ​សិក្ខាសាលា​។​ លើស​ពី​នេះ​ទៀត​ អង្គ​សិក្ខាសាលា​បាន​បង្កើន​ទំនាក់ទំនង​កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​បន្ត​ក្តាប់​ឱ្យ​បាន​នូវ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាជន​ប្រើប្រាស់​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​និង​ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ប្រើប្រាស់​សេវា​កម្ចី​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។​