ព័ត៌មាន
សន្និសីទ​ស្តី​ពី​ “​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារកណ្តាល​ លើក​ទី​៣”​ នៅ​ទីក្រុង​បែរ​ឡាំង​ ប្រទេស​អា​ល្លឺ​ម៉​ង់​
២៤ កក្កដា ២០១៩

កាលពី​ថ្ងៃ​ចន្ទ​ ៧​រោច​ ដល់​ថ្ងៃ​ព្រ​ហ​ស្ប​តិ៏​ ១០​រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ដល់​ ២៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​បែរ​ឡាំង​ ប្រទេស​អា​ល្លឺ​ម៉​ង់​ លោក​ជំទាវ​ទេសាភិបាល​រង​ នាវ​ ច័ន្ទ​ថា​ណា​ បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ស្តី​ពី​ “​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារកណ្តាល​ លើក​ទី​៣”​។​ សន្និសីទ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ល្បីៗ​មក​ពី​ធនាគារកណ្តាល​ ដោយ​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​លើ​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារកណ្តាល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​ ១/.​ ទំនើប​កម្ម​និង​គោលនយោបាយ​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារកណ្តាល​ ២/.​ សារៈសំខាន់​របស់​ស្តង់ដា​ រួម​មាន​ ស្តង់ដា​ ISO​ ២០០២២​ និង​ស្តង់ដា​ Legal​ Entity​ Identifier​ (LEI)​ ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ៣/.​ យុទ្ធសាស្ត្រ​ភាព​ធន់​នឹង​សុវត្ថិភាព​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ និង​ ៤/.​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ Distributed​ Ledger​ Technology​ (DLT)​ ក្នុង​ប្រតិបត្តិការ​ទូទាត់​អន្តរ​ធនាគារ​។​