ព័ត៌មាន
សិក្ខាសាលា​ស្តី​ពី​ ការ​វិភាគ​ព័ត៌មាន​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ (Intelligence​ Fundamentals​ Course)​
២៩ កក្កដា ២០១៩

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១៣​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ (​ស​.​ហ​.​ក​)​ សហការ​ជាមួយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​អូស្ត្រាលី​ (AUSTRAC)​ រៀបចំ​សិក្ខាសាលា​ស្តី​ពី​ ការ​វិភាគ​ព័ត៌មាន​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ (Intelligence​ Fundamentals​ Course)​ នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​ អនុប្រធាន​ប្រចាំការ​ គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ស​.​ហ​.​ក​ និង​ជា​ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ លោក​ជំទាវ​ Angela​ CORCORAN​ អគ្គរាជទូត​អូស្ត្រាលី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សិក្ខាសាលា​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ចន្ទ​ ១៣​រោច​ ដល់​ថ្ងៃ​ពុធ​ ១៥​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩-៣១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ដោយ​មាន​សិក្ខាកាម​ចូលរួម​មក​ពី​ ១៧​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ សរុប​ប្រមាណ​៥០​នាក់​ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ត្រី​ ស​.​ហ​.​ក​ និង​មន្ត្រី​មក​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ អំពី​គោលការណ៍​គ្រឹះ​និង​នីតិវិធី​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​ប្រមូល​ទិន្នន័យ​ ព្រមទាំង​វិធីសាស្ត្រ​វិភាគ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​រៀបចំ​របាយការណ៍​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព​។​ សិក្ខាសាលា​ក៏​នឹង​ផ្ដល់​ឱកាស​ឱ្យ​សិក្ខាកាម​ចែករំលែក​ចំណេះដឹង​ និង​បទ​ពិសោធន៍​ពី​ការ​គ្រប់គ្រង​ទិន្នន័យ​ ការ​ប្រមូល​ព័ត៌មាន​ និង​បច្ចេកទេស​វិភាគ​ព័ត៌មាន​ជាដើម​ ស្រប​តាម​ផែនការ​សកម្មភាព​នៃ​យុទ្ធសាស្ត្រ​ជាតិ​ ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ឆ្នាំ​២០១៩-២០២៣​ និង​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​សកម្មភាព​នានា​ ក្នុង​បំណង​ចូលរួម​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ជាតិ​ និង​ពិភពលោក​។​