ព័ត៌មាន
ពិធី​បើក​សិក្ខាសាលា​ភាព​ជា​អ្នកដឹកនាំ​ស្តី​ពី​ “Becoming​ a​ Deliberately​ Developmental​ Organization​ by​ Utilizing​ Leadership​ Intelligence”​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​
០៧ សីហា ២០១៩

នា​ព្រឹក​ថ្ងៃ​ពុធ​ ៧​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ភាព​ជា​អ្នកដឹកនាំ​ស្តី​ពី​ “Becoming​ a​ Deliberately​ Developmental​ Organization​ by​ Utilizing​ Leadership​ Intelligence”​ ដែល​រៀបចំ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​មាន​ លោក​សាស្ត្រាចារ្យ​ Jim​ Bagnola​ ជា​គ្រូ​ឧទ្ទេសនាម​ ប្រកបដោយ​បទ​ពិសោធន៍​ខ្ពស់​លើ​ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​ និង​ការ​គ្រប់គ្រង​ចិត្តគំនិត​។​ សិក្ខាសាលា​នេះ​ មាន​គោលបំណង​បង្ហាញ​ពី​ការ​ប្រែក្លាយ​ស្ថាប័ន​មួយ​ប្រកបដោយ​ការ​អភិវឌ្ឍ​ចេញពី​ការ​ប្តេជ្ញា​ចិត្ត​ជាមួយនឹង​ការ​ប្រើប្រាស់​នូវ​ភាព​ជា​អ្នកដឹកនាំ​ដ៏​វៃឆ្លាត​ ដែល​ក្នុង​នោះ​ផ្តោត​ជា​សំខាន់​លើ​ការ​ពង្រីក​ចំណេះដឹង​បន្ថែម​លើ​ភាព​ជា​អ្នកដឹកនាំ​ សម្រាប់​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រកបដោយ​ចីរភាព​ ជា​ពិសេស​តាម​រយៈ​ i/-​ការ​វាយតម្លៃ​បុគ្គលិក​ប្រកបដោយ​សុភ​វិនិច្ឆ័យ​ ii/-​ការ​ប្រែក្លាយ​ដំណោះស្រាយ​ល្អៗ​ដែល​ធ្លាប់​អនុវត្ត​ពី​មុន​ឱ្យទៅ​ជា​គោលការណ៍​ iii/-​ការ​ប្រើប្រាស់​បញ្ញាញាណ​ផ្នែក​ផ្លូវចិត្ត​ សង្គម​ សីលធម៌​ វប្បធម៌​ យ៉េន​ឌ័​រ​ និង​សហប្រតិបត្តិការ​ល្អ​ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​ មន្ត្រី​ល្អ​ និង​ស្ថាប័ន​ល្អ​។​ វិស័យ​ធនាគារ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ទាំង​ផ្នែក​ទំហំ​ វិសាលភាព​ប្រតិបត្តិការ​ និង​ផលិតផល​សេវា​។​ ការ​គ្រប់គ្រង​វិស័យ​ធនាគារ​ប្រកបដោយ​ការ​អភិវឌ្ឍ​និង​ស្ថិរភាព​ ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​ និង​ភាព​ជា​អ្នកដឹកនាំ​ខ្ពស់​ ហើយ​ប្រការ​នេះ​ កាន់តែ​មាន​ភាព​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​ស្ថិត​ក្នុង​បរិការណ៍​នៃ​សាកល​ភាវូបនីយកម្ម​ និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​។​ គួរ​រំលឹក​ផង​ដែរ​ថា​ ធនាគារជាតិ​នៃ​កម្ពុជា​ ធ្លាប់​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ​នេះ​ចំនួន​ ២​ ដង​រួច​មក​ហើយ​ ដោយ​លើក​ទី​១​ ស្តី​ពី​សិល្បៈ​នៃ​ការ​ដឹកនាំ​ និង​ទំនាក់ទំនង​ផ្ទៃក្នុង​និង​ខាងក្រៅ​ និង​លើក​ទី​២​ ស្តី​ពី​ការ​បង្វឹក​និង​វាយតម្លៃ​សមិទ្ធកម្ម​។​ សិក្ខាសាលា​នេះ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រួមចំណែក​បង្កើន​ប្រសិទ្ធភាព​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ ។​