២៦ សីហា ២០១៩
នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ខេត្ត ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីធនាគារជាតិនៃកម្ពុជា មន្ត្រីរាជបណ្ឌិតសភាកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ មន្ត្រីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានក្រុងប៉ៃលិន និងប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន ចំនួនប្រមាណ ៤០០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណង ១/- ផ្សព្វផ្សាយអំពីប្រវត្តិ និងការរីកចម្រើននៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ២/- ផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ៣/- ចែករំលែកចំណេះដឹងអំពីសេវាកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ៤/- ពិភាក្សានិងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង៥/- សំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអតិថិជន ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជាដើម។ លើសពីនេះទៀត អង្គសិក្ខាសាលាបានទទួលធាតុចូលពីអ្នកប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ ព្រមទាំងដោះស្រាយបញ្ហាមួយចំនួនដល់ទីកន្លែង។ ប្រជាពលរដ្ឋស្វាគមន៍ចំពោះសិក្ខាសាលានេះ ហើយស្នើសុំឱ្យធនាគារជាតិនៃកម្ពុជាបន្តធ្វើសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាមីក្រូហិរញ្ញវត្ថុនេះនៅកន្លែងផ្សេងទៀត។