ព័ត៌មាន
សិក្ខាសាលា​ថ្នាក់​ខេត្ត​ ស្តី​ពី​ “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ នៅ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​
២៧ សីហា ២០១៩

នា​ព្រឹក​ថ្ងៃ​អង្គារ​ ១២​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ខេត្ត​ ស្តី​ពី​ “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ នៅ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​។​ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ ឯកឧត្តម​ ផេង​ សុ​ទ្ធី​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាត់ដំបង​ ឯកឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ អគ្គនាយក​ត្រួតពិនិត្យ​ ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ ហ៊ុយ​ ណា​វី​ ទីប្រឹក្សា​ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ សុខ​ ហឿ​ន​ អភិបាល​ស្តីទី​នៃ​គណៈ​អភិបាលស្រុក​សង្កែ​ លោក​ឧកញ៉ា​បណ្ឌិត​ ប៊ុ​ន​ មុនី​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ព្រមទាំង​ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ មន្ត្រី​រាជ​បណ្ឌិតសភា​កម្ពុជា​ មន្ត្រី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ អាជ្ញាធរ​មូលដ្ឋាន​ក្រុងប៉ៃលិន​ និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​សង្កែ​ ចំនួន​ប្រមាណ​ ៣៨០​នាក់​។​ សិក្ខាសាលា​នេះ​ ត្រូវ​បាន​រៀបចំ​ទ្បើ​ង​ក្នុង​គោលបំណង​ ១/-​ ផ្សព្វផ្សាយ​អំពី​ប្រវត្តិ​នៃ​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ២/-​ ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​ ៣/-​ សេវាកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញា​បណ្ណ​ស្របច្បាប់​ ៤/-​ បញ្ហា​ប្រឈម​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​៥/-​ ដំណោះស្រាយ​និង​សំណូមពរ​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​អតិថិជន​ជាដើម​។​ លើស​ពី​នេះ​ទៀត​ អង្គ​សិក្ខាសាលា​បាន​បង្កើន​ទំនាក់ទំនង​កិច្ចសហការ​ល្អ​ រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​ភាគី​ពាក់ព័ន្ធ​នានា​ ជា​ពិសេស​ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​បន្ត​ក្តាប់​ឱ្យ​បាន​នូវ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាជន​ប្រើប្រាស់​សេវា​មីក្រូហិរញ្ញវត្ថុ​ និង​ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ប្រើប្រាស់​សេវា​កម្ចី​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។​