២៨ សីហា ២០១៩
នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចពិភាក្សាតុមូល ស្តីពី “ដំណើរប្រព្រឹត្តទៅនិងភាពជាដៃគូនៃសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តម អគ្គនាយកត្រួតពិនិត្យ បានលើកឡើងថា ដោយសារកត្តាសន្តិសុខ សន្តិភាពពេញលេញ និងកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តម អគ្គនាយកត្រួតពិនិត្យក៏បានលើកឡើងផងដែរថា ថ្មីៗនេះមានអង្គការចំនួន ២ បានចេញផ្សាយលទ្ធផលសិក្សាស្រាវជ្រាវមួយដែលមិនបានឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្នរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដោយសារបានប្រើប្រាស់សំណាកគំរូតិច និងពុំបានពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ដូចជាធនាគារជាតិនៃកម្ពុជាដែលជានិយ័តករ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលជាអ្នកតំណាងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា។