០៤ តុលា ២០១៩
នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ លោក ជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំរបស់ធនាគារិកនៅប្រទេស CLMVT ក្រោមប្រធានបទស្ដីពី ការភ្ជាប់នូវហិរញ្ញវត្ថុនាយុគសម័យឌីជីថល ដែលរៀបចំឡើងដោយធនាគារកណ្ដាលថៃ នៅទីក្រុងបាងកក ប្រទេសថៃ។ នាឱកាសនោះ លោកជំទាវ អគ្គនាយកបច្ចេកទេស ក៏បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សា ស្ដីពី “ការកសាងនូវប្រព័ន្ធអេកូឡូស៊ីសម្រាប់ការច្នៃប្រឌិតក្នុងសេវាហិរញ្ញវត្ថុ៖ តួនាទីរបស់វិស័យឯកជន និងនិយ័តករ” ។ លោកជំទាវ បានមានប្រសាសន៍ចែករំលែកថា បច្ចេកវិទ្យាមានការវិវត្តលឿន ដូច្នេះកិច្ចសន្ទនារវាងនិយ័តករនិងស្ថាប័នឯកជនគឺកាន់តែចាំបាច់ខ្លាំងក្នុងការថ្លឹងថ្លែងដើម្បីស្វែងរកសមតុល្យដែលសមស្របរវាងហានិភ័យ និងនវានុវត្តន៍។