១២ តុលា ២០១៩
នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមវេទិកា ស្ដីពី អាជីពការងារក្នុងវិស័យធនាគារនិងធានារ៉ាប់រង ដែលរៀបចំឡើងដោយវិទ្យាស្ថានខេមអេឌប៊ីហ្សនេសស្គូល នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពី អាជីពការងារក្នុងវិស័យធនាគារនិងធានារ៉ាប់រង និងឱកាសការងារសម្រាប់និស្សិត ពីសាកលវិទ្យាល័យជាតិនិងអន្តរជាតិ និងសាធារណជនផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អគ្គនាយកបច្ចេកទេសបានចូលរួមចែករំលែកអំពីក្រមសីលធម៌ និងស្ដង់ដារវិជ្ជាជីវៈរបស់បុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងពេលនិងក្រោយពេលអនុវត្តការងារ ដែលនេះជាចំណុចមួយដ៏សំខាន់ រួមចំណែកដល់ការអភិវឌ្ឍស្ថាប័ន។ លើសពីនេះ លោកជំទាវក៏បានជម្រាបអង្គពិធីអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនិងសមភាពយេនឌ័រ។