១០ តុលា ២០១៩
កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយធនាគារមេយប៊ែង ដើម្បីជំរុញការទូទាត់និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី។ អនុស្សរណៈយោគយល់នេះត្រូវបានចុះហត្ថលេខាស្របពេលនឹងការរៀបចំពិធីខួប៤០ឆ្នាំនៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ។ តាមរយៈអនុស្សរណៈនេះ ធនាគារជាតិនៃកម្ពុជា ធនាគារមេយប៊ែងកម្ពុជា និងធនាគារ មេយប៊ែងម៉ាឡេស៊ី នឹងសហការគ្នាដើម្បីពិនិត្យលទ្ធភាពឱ្យប្រតិបត្តិការផ្ទេរប្រាក់និងទូទាត់ភ្លាមៗអាចធ្វើបានរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជានិងផ្លែតហ្វមឌីជីថលមេយប៊ែងធូយូ របស់ធនាគារមេយប៊ែង។ បន្ទាប់ពីដាក់ឱ្យដំណើរការ សេវានេះនឹងរំពឹងថាផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ីដែលកំពុងរស់នៅប្រទេសកម្ពុជា ក៏ដូចជាធុរកិច្ចក្នុងប្រទេសទាំងពីរ ដោយប្រើប្រាស់អ៊ីវ៉ាឡេតរបស់ប្រព័ន្ធបាគងនិងផ្លែតហ្វមឌីជីថលមេយប៊ែងធូយូ ដើម្បីផ្ទេរមូលនិធិឆ្លងប្រទេស សម្រាប់ការទូទាត់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។ កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចគាំទ្រចំពោះការវិវឌ្ឍន៍ទៅរកសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។