០២ កញ្ញា ២០១៩
នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា” នៅសាលប្រជុំធំ អគារសែនសុខ នៃធនាគារជាតិនៃកម្ពុជា ដែលមានការអញ្ជើញចូលរួមពីមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាប្រមាណ ៤៤០រូប មកពីស្នាក់ការកណ្តាលនិងសាខារាជធានីខេត្ត។ សិក្ខាសាលានេះ ជាយន្តការបណ្តុះបណ្តាលផ្ទៃក្នុងសម្រាប់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការអភិវឌ្ឍនៃវិស័យធនាគារនាពេលបច្ចុប្បន្ន ជាពិសេសនៅពេលដែលមានការវិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានវាគ្មិនដែលជាមន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញ ចូលរួមធ្វើបទបង្ហាញលើប្រធានបទដូចជា៖ i/- បច្ចេកវិទ្យាហិរញ្ញវត្ថុ (Bigtech) និងហិរញ្ញវត្ថុ៖ កាលានុវត្តភាព និងបញ្ហាប្រឈម ii/- វិថីកម្ពុជាឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយចីរភាព៖ បញ្ហាប្រឈម និងកាលានុវត្តភាព iii/- ផលប៉ះពាល់នៃឥណទានលើជីវភាពគ្រួសារខ្មែរនៅកម្ពុជា iv/- ស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា និង v/- សេដ្ឋកិច្ចជំនាន់ថ្មីនៃសម័យឌីជីថល ផងដែរ។