ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​ពិគ្រោះ​យោបល់​របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣​ (AMRO)​ ដឹកនាំ​ដោយ​ លោក​ Toshinori​ Doi​ ប្រធាន​ការិយាល័យ​ AMRO​ ថ្មី​ ចូល​ជួប​សម្តែង​ការ​គួរសម​
១៨ កញ្ញា ២០១៩

នា​ព្រឹក​ថ្ងៃ​ពុធ​ ៥​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៩​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​ពិគ្រោះ​យោបល់​របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣​ (AMRO)​ ដឹកនាំ​ដោយ​ លោក​ Toshinori​ Doi​  ប្រធាន​ការិយាល័យ​ AMRO​ ថ្មី​ ដែល​ទើប​ចូល​កាន់​តំណែង​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ជម្រាប​ជូន​ពី​លទ្ធផល​នៃ​បេសកកម្ម​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​ លោក​ Toshinori​ Doi​  បាន​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​។​ ជា​រួម​ AMRO​ បាន​ពិនិត្យ​ឃើញ​ថា​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​២០១៨​ ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ AMRO​ រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន​រឹង​មាំ​ក្នុង​អត្រា​ប្រមាណ​ ៧,១%​ ជាមួយនឹង​អត្រា​អតិផរណា​ទាប​ និង​ស្ថិរភាព​នៃ​វិស័យ​ធនាគារ​។​ ឯកឧត្តម​ ទេសាភិបាល​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការិយាល័យ​ AMRO​ ដែល​តែងតែ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​ពង្រឹង​ការ​កសាង​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​ការងារ​ហាត់​ការ​នៅ​ការិយាល័យ​ AMRO​ កន្លង​មក​។​