១៨ កញ្ញា ២០១៩
នាថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជនកម្ពុជាចំនួន ២៩រូប ដែលត្រូវបានជ្រើសរើសដើម្បីចូលក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ២០១៩ រួមទាំងតំណាងសមាគមចំនួន ៤រូប ដើម្បីចូលជួបសម្តែងការគួរសម។ ឯកឧត្តម ទេសាភិបាល បានផ្តល់អនុសាសន៍ណែនាំនូវចំណេះដឹងល្អៗ និងផ្តាំផ្ញើដល់យុវជនទាំងអស់ ឱ្យខិតខំស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្រែបយកចំណេះដឹងល្អៗពីការធ្វើដំណើរទស្សនកិច្ចនេះផងដែរ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានរយៈពេល៥១ថ្ងៃ។